បើធ្វើជាអ្នកដឹកនាំ ត្រូវតែហ៊ានប្រឈមនឹងការរិះគន់ ឬ ការតវ៉ាផ្សេងៗ
ភ្នំពេញ៖ ជាទូទៅ ក្នុងរដ្ឋដែលប្រកាន់យករបបប្រជាធិបតេយ្យ ក្រៅពីសិទ្ធិមូលដ្ឋាន ពលរដ្ឋម្នាក់ៗមាន
សិទ្ធិសំខាន់ៗជាច្រើនទៀត ដូចជា សិទ្ធិចងក្រងគ្នាជាក្រុម
សិទ្ធិបញ្ចេញមតិយោលបល់ សិទ្ធិតវ៉ា
សិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយ សិទ្ធិចូលរួមក្នុងការបោះឆ្នោត
សិទ្ធិចូលរួមក្នុងសកម្មភាពផ្សេងៗ ដូចជា ការប្រជុំ ការពិភាក្សា
ការធ្វើសេចក្ដីសម្រេចចិត្តក្នុងការដឹកនាំនិងការអភិវឌ្ឍ និង
ការធ្វើបាតុកម្មដើម្បីទាមទារ គាំទ្រ ឬ ប្រឆាំងអ្វីមួយ ជាដើម។ ប៉ុន្តែ
សិទ្ធិទាំងអស់នេះ ត្រូវអនុលោមទៅតាមច្បាប់របស់រដ្ឋនីមួយៗ។ ហេតុនេះ
មនុស្សដែលមានឱកាសដឹកនាំរដ្ឋប្រភេទនេះ
ត្រូវតែទទួលស្កាល់សិទ្ធិទាំងអស់នេះ និង
ប្រាកដជាត្រូវទទួលបានទាំងការគាំទ្រ ការសរសើរ ទាំងការប្រឆាំង ការរិះគន់
និង ការតវ៉ា តាមរយៈពាក្យសម្ដី តាមប្រព័ន្ធផ្សព្វផ្សាយ និង
តាមរយៈបាតុកម្ម ឬ សកម្មភាពផ្សេងៗដោយចៀសមិនរួច។
ដោយឡែកនៅកម្ពុជា
ដែលជារដ្ឋមួយប្រកាន់យករបបប្រជាធិបតេយ្យដែរនោះ
អ្នកដឹកនាំនិងគ្រប់គ្រង
ប្រាកដជាមិនអាចគេចផុតពីការប្រើប្រាស់សិទ្ធិនានាពីភាគីពលរដ្ឋ
ដូចដែលបានលើកឡើងខាងលើនោះទេ។
អ៊ីចឹងហើយបានជាក្រោយការបោះឆ្នោតឆ្នាំ១៩៩៣រហូតមកទល់នឹង
បច្ចុប្បន្ននេះ គេតែងតែសង្កេតឃើញមាន ការប្រឆាំង ការរិះគន់ និង
ការតវ៉ាផ្សេងៗពីភាគីប្រជាពលរដ្ឋ វិស័យឯកជន និង សង្គមស៊ីវិល
ចំពោះកំហុសឆ្គង ភាពខ្វះចន្លោះនៃការសម្រេចចិត្តនិងការដឹកនាំ និង
វិធានការមិនសមហេតុផលមួយចំនួនរបស់មន្ត្រីអនុវត្តច្បាប់ ឬ អាជ្ញាធរ
តាំងពីលើដល់ក្រោម។
ជាទូទៅ ការរិះគន់ បាតុកម្ម និង ការតវ៉ាផ្សេងៗ
តែងតែធ្វើឡើងដោយប្រជាពលរដ្ឋ និង/ឬ សង្គមស៊ីវិល
ដើម្បីប្រឆាំងទៅនឹងកំហុសឆ្គង ផលប៉ះពាល់ក្នុងការអភិវឌ្ឍ ឬ ការដឹកនាំ
និង ការរំលោភបំពាន ពីនិយោជិត អ្នកាន់អំណាច បុគ្គលមានឥទ្ធិពល
ស្ថាប័នរដ្ឋនិងឯកជន ជាដើម។ ជាការឆ្លើយតបវិញ
អាជ្ញាធរពាក់ព័ន្ធតែងតែមានចំណាត់ការមួយចំនួន
មានទាំងវិជ្ជមាននិងអវិជ្ជមាន។ កន្លងមក ត្រូវបានគេមើលឃើញថា
មានករណីតិចតួច ដែលអាជ្ញាធរពាក់ព័ន្ធបានសម្របសម្រួលជាមួយអ្នករិះគន់
អ្នកតវ៉ា ឬ បាតុករដើម្បីដោះស្រាយបញ្ចាប់បញ្ហាជាមួយបុគ្គល ឬ
ស្ថាប័នពាក់ព័ន្ធ។
ករណីខ្លះទៀត អាជ្ញាធរ ហាក់ដូចជាធ្វើមិនដឹងមិនឮ
ហើយថែមទាំងបណ្ដោយទុកឱ្យអ្នកតវ៉ាធ្វើសកម្មភាពជាច្រើនម៉ោង
ច្រើនថ្ងៃ ច្រើនខែ ដើម្បីតវ៉ា ឬ ទាមទារអ្វីមួយពីមួយអាជ្ញាធរ,
ពីក្រុមហ៊ុន ឬ ពីបុគ្គលមានអំណាចណាម្នាក់ រហូតដល់ពេលខ្លះ អ្នកតវ៉ា
អស់ការអត់ធ្មត់ ក៏បានប្រើអំពើហិង្សាជាយថាហេតុ។
ករណីខ្លះទៀត អាជ្ញាធរពាក់ព័ន្ធ ហាក់ដូចជា
មានចេតនាមិនចង់ដោះស្រាយ ឬ
មិនមានលទ្ធភាពដោះស្រាយបញ្ហាដែលអ្នកតវ៉ាកំពុងទាមទារ ដូច្នេះពួកគេ
ក៏ប្រើវិធានការបង្ក្រាបដោយកងសន្តិសុខ នគរបាល ឬ ទាហានទៀតផង។
លើសពីនេះទៀត គេក៏សង្កេតឃើញមានករណីយកបាតុកម្មបង្ក្រាបបាតុកម្ម ឬ
យកពិសបង្ក្រាបពិស និង ក៏មានប្រើយន្តការតុលការ ឬ
សម្ពាធនយោបាយផងដែរ។
តាមពិតទៅ គ្មានអ្នកដឹកនាំណាម្នាក់ ចង់ឱ្យមានការរិះគន់ បាតុកម្ម
និង ការតវ៉ាផ្សេងៗនោះទេ។ ប៉ុន្តែ
ក៏គ្មានអ្នកដឹកនាំណាម្នាក់ដែលអាចដឹកនាំបានល្អឥតខ្ចោះ
ទាំងខ្លួនឯងផ្ទាល់ ទាំងមន្ត្រីក្រោមបង្គាប់របស់ខ្លួនដែរ។ ដូច្នេះ
វាពិតណាស់ថា ការរិះគន់ បាតុកម្ម និង ការតវ៉ាផ្សេងៗ
ត្រូវតែកើតឡើងដោយចៀសមិនផុត ចំពោះអ្នកដឹកនាំរដ្ឋ អ្នកដឹកនាំស្ថាប័ន
និង សូម្បីតែ អ្នកដឹកនាំគ្រួសារក៏មិនអាចគេចផុតដែរ។
ហេតុនេះ វាមិនមែនជារឿងចម្លែកទេ ដែលអ្នកដឹកនាំណាម្នាក់ ដូចជា
មហាក្សត្រ ប្រធានាធិបតី នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី … ត្រូវគេ រិះគន់
ធ្វើបាតុកម្មប្រឆាំង និង
តវ៉ាចំពោះបញ្ហាផ្សេងៗក្នុងការសម្រេចចិត្តនិងសកម្មភាពដឹកនាំ
របស់ខ្លួន។
ការចង់បិទមិនឱ្យមានបាតុកម្មឬការចង់បង្ក្រាបដោយហិង្សាចំពោះ
ការរិះគន់ ការធ្វើបាតុកម្មប្រឆាំង និង ការតវ៉ាចំពោះបញ្ហាផ្សេងៗ
គឺជាទង្វើមិនស្របច្បាប់ មិនស្របនឹងគោលការណ៍សីលធម៌ និង សិទ្ធិមនុស្ស
ក្នុងសង្គមបរជាធិបតេយ្យ។
ហេតុនេះ អ្នកដឹកនាំទាំងឡាយណា ដែលព្យាយាមប្រកាន់គោលជំហរបែបនេះ
ពួកគេមិនគ្រាន់តែ
មិនទទួលបានការគាំទ្រចំពោះខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែ
ទង្វើនេះថែមទាំងជះឥទ្ធិពលមិនល្អដល់បក្សនយោបាយរបស់ខ្លួន និង
គ្រួសាររបស់ខ្លួនផងដែរ។ លើសពីនេះទៀត ពួកគេក៏អាចក្លាយទៅជាអ្នកទោស ឬ
ឧក្រិដ្ឋជន ដូចជា ករណីមេដឹកនាំខ្មែរក្រហម មាន ប៉ុល ពត, អៀង សារី, ខៀវ
សំផន, នួន ជា…និង មេដឹកនាំ ផ្ដាច់ការ ជាច្រើននាក់ទៀតនៅលើពិភពលោក៕
បើធ្វើជាអ្នកដឹកនាំ ត្រូវតែហ៊ានប្រឈមនឹងការរិះគន់ ឬ ការតវ៉ាផ្សេងៗ
Reviewed by No Cam
on
9:53:00 AM
Rating:
No comments: