Top Ad unit 728 × 90

ព័ត៌មាន​ថ្មីៗ!​

recentposts

ខេម ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​មាន​អ្នក​​ស្លាប់ និង​របួស


ប្រភព​​ចំនួន​៣ ទី​មួយ​គឺ​លោក មាស សុខរតនៈ អ្នក​ចាត់ការ​ទូទៅ​ផលិតកម្ម Town សមត្ថកិច្ច​ក្រុម​ប្រចាំ​បញ្ជា​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​ និង​មេប៉ុស្ដិ៍​ឬស្សី​កែវ បាន​ថ្លែង​មក​កាន់ Sabay ចំពោះ​ករណីតារា​ចម្រៀង ខេម ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់​មិញ ដែល​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស។

លោក ​មាស សុខរតនៈ ថ្លែង​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន​ពី​មិត្តភ័ក្ដិ​របស់ ខេម គឺ​តារា​ចម្រៀង​រូប​នេះ ពិត​ជា​ស្ថិត​ក្នុង​ហេតុការណ៍​យប់មិញ​នេះ​មែន។ លោក​ថា៖” ខ្ញុំ​ទើប​ឃើញ​ព័ត៌មាន​នេះ​ព្រឹក​មិញ​ដែរ លឺ​មិត្ត​ភក្ដិ​គាត់​ថា​ពិត​មែន​ តែ​ខ្ញុំ​ទាក់ទង​ទៅ​គាត់​អត់​ចូល​សោះ”។

លោក​ មាស សុខរតនៈ បន្ត​ទៀត​ថា លោក​កំពុង​ព្យាយាម​ទាក់ទង​ទៅ​តារា​ចម្រៀង ខេម ដើម្បី​បាន​ដឹង​ការ​ពិត​ចំពោះ​បញ្ហា​នេះ។ ម្យ៉ាង​ទៀត​លោក​ក៏​កំពុង​រង់​ចាំ​តារា​ចម្រៀង ខេម ទាក់ទង​មក​លោក​ដូច​គ្នា​ដែរ។

ដោយ​ឡែក​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ សមត្ថកិច្ច​ក្រុម​ប្រចាំ​បញ្ជា​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បញ្ជាក់ ​ថា ពិត​ជា​មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ម្ដុំ​ឫស្សីកែវ តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ ៥ ប្រាកដ​មែន​កាល​ពី​អំឡុង​ម៉ោង ១យប់​មិញ។ ករណី​នេះ​កើត​ឡើង​រវាង​រថយន្ត Range Rover ពណ៌​ស​បុក​គ្នា​ជាមួយ​រថយន្ត Celica ពណ៌​ខ្មៅ​បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួស​ធ្ងន់ ៣ នាក់ និង​ស្លាប់ ១ នាក់។

ហើយ​សមត្ថកិច្ច​អះអាង​បន្ត​ថា នៅ​មិន​ទាន់​កំណត់​ថា ម្ចាស់​រថយន្ត Range Rover ពណ៌​ស​ពិត​ជា​តារា​ចម្រៀង ខេម ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត។ សមត្ថកិច្ច​បញ្ជាក់​ថា៖”ខ្ញុំ​កំពុង​ទាក់ទង​ទៅគមនាគមន៍ ដើម្បី​ឱ្យ​គេ​ ស្រាវជ្រាវ​តាម​ផ្លាក​លេខ​ឡាន​សិន ទើប​ដឹង​ថា ជា​នរណា”៕

លោក តូច គឹមសុង នាយប៉ុស្តិ៍​នគរបាល​ឬស្សីកែវ បាន​លើក​ឡើង​ស្រដៀង​គ្នាដែរ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ Range Rover នៅ​ឡើយ​ទេ លោក​ទៅ​ដល់​ក្រោ​យ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ប៉ុណ្ណោះ។ លោក​ថា៖”ខ្ញុំ​មក​ដល់​ឃើញ​តែ​អ្នក​ស្លាប់​ទេ អ្នក​របួស​គេ​យក​ទៅ​ពេទ្យ​អស់ហើយ។ ពេល​ហ្នឹង​ខ្ញុំ​សម្រួល​ចរាចរណ៍​កុំ​ឱ្យ​កកស្ទះ ហើយ​ភាគី​ណា​ខុសត្រូវ​ ឬបើក​លឿន យឺត​យ៉ាង​ណា​ ទាល់​តែ​ខាង​ជំនាញ”។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក នានា  បាន​រាយការណ៍​ថា មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១និង ៥០នាទី នៅ​យប់​ពាក់​កណ្ដាល​អាធ្រាត្រ​​ឈាន​ចូល ថ្ងៃទី១៨ ខែ​ឧសភា ឆ្នាំ២០១៦ ស្ថិត​នៅ​ចំណុច​មុខ​ឃ្លាំង​សំាង សូគីមិច តាម​បណ្ដោយ​ផ្លូវជាតិលេខ៥  ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រវាង​រថយន្ត​ម៉ាក Range Rover ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2x.9987 ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ៥  ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ដែល​រថយន្ត​មួយ​គ្រឿង​ទៀត​គឺ ម៉ាកសេលីកា  ពណ៌ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M.5575 បើក​បញ្ច្រាស​គ្នា​លើ​ផ្លូវ​តែ​មួយ។

រថយន្ត​ទាំង​ពីរ​សុទ្ធ​តែ​បើក​ល្បឿន​លឿន​ដូច​គ្នា ពេល​មក​ដល់​ចំណុច​កើត​ហេតុ ក៏​បុក​គ្នា​ចំ​ពី​មុខ​ បណ្ដាល​ឲ្យ​បុរស​ម្នាក់​ដែល​ជា​អ្នក​បើក​បរ​រថយន្ត សេលីកា មាន​ឈ្មោះ​ថា លី ការិម អាយុ៣១ឆ្នាំ ស្នាក់​នៅ​ម្តុំ គីឡូម៉ែតលេខ៨ សង្កាត់ ច្រាំង​ចំរេះ ក្នុង​ខណ្ឌ​ឫស្សីកែវ បានស្លាប់​ភ្លាម​ៗដោយ​កៀប​ជាប់​នឹង​រថយន្ត។ ឯ​អ្នក​បើក​បរ​រថយន្ត Range Rover ដែល​ព័ត៌មាន​ជា​ច្រើន​បាន​រាយការណ៍​ថា​ ជាលោក ខេម រួម​ដំណើរ​ជាមួយ​នារី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​នោះ មិន​មាន​របួស​ធ្ងន់ធ្ងរ​ទេ ហើយ​បាន​នាំ​គ្នា​គេច​ខ្លួន​ភ្លាម​ៗ ក្រោយ​ហេតុការណ៍។

យ៉ាង​ណាក៏​ដោយ ចំពោះ​ករណី​ខាង​លើ សមត្ថិកិច្ច នៅ​មិន​ទាន់​អះអាង​ថា ភាគី​ណា​មួយ ជា​ភាគី​​បង្ក​នៅ​ឡើយ​ទេ៕




ខេម ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​មាន​អ្នក​​ស្លាប់ និង​របួស Reviewed by No Cam on 11:17:00 PM Rating: 5

No comments:

រក្សាសិទ្ធិគ្រប់យ៉ាង ដោយ Talking Khmer : Khmer News © 2014 - 2015
Designed by Bek Sloy 2016

បែបបទទំនាក់ទំនង

Name

Email *

Message *

Powered by Blogger.